Jump to content

User:Kongchhorn

From Wikipedia, the free encyclopedia

ជីវប្រវត្តិសង្ខេប របស់ព្រះគ្រូចៅអធិការ ញាណវិរិយោ គង់-ឆន(១៩៤២-២០១០) វត្តស្មោង ឃុំស្មោងខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង កុមារ គង់-ឆន កើតនៅឆ្នាំ ១៩៤២ នៅ ភូមិ ស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកបាភ្នំ ខេត្ត ព្រៃវែង ។ បិតា ឈ្មោះ គង់-ឡុង និង មាតាឈ្មោះ សំ-បូរ ជាត្រកូលមន្រ្តីរាជការ មានបងប្អូនបង្កើតចំនួន ៨នាក់ ។ ប្រុស ២ និង ស្រី ៦នាក់ ។ កុមារ គង់-ឆន ជាកូនទី ៦ ។ លុះធំឡើងបន្តិច កុមារ គង់-ឆន ត្រូវបាន លោក ឪពុក និងអ្នកម្តាយបញ្ជូន ឱ្យទៅរៀនសូត្រនៅក្នុងវត្តជាមួយនឹងព្រះគ្រូឱក-មោក ដែលស្តិតនៅ វត្ត ស្មោង ឃុំស្មោងខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ។ នៅឆ្នាំ ១៩៦០ យុវជន គង់-ឆន បានចូលបួសជាសាមណេរ បន្ទាប់មក បានបំពេញឧបសម្បទាជាភិក្ខុ នៅវត្តស្វាយអាត់ ឃុំ ស្វាយអាត់ ស្រុកជ្រៃ ខេត្ត ព្រៃវែង ។ ពីឆ្នាំ ១៩៦០-១៩៦៣ ព្រះតេជគុណ គង់-ឆន បានចូលសិក្សាសាលាធម្មវិន័យ វត្តស្មោង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ នៅឆ្នាំ ១៩៦៣ នោះផងដែរព្រះតេជគុណ គង់-ឆន បានលាចាកសិក្ខាបទទៅគ្រហស្ថវិញ ។

នៅឆ្នាំ ១៩៦៥ លោក គង់-ឆន បានរៀបអាពាហ៏ពិពាហ៏ជាមួយនឹងអ្នកស្រី ប្រាក់-សាមាន ដោយមានកូនប្រុសស្រីចំនួន ៥នាក់ ១-ឡុង ច័ន្ទទោង (ស្លាប់) ២-ឡុង-សាមី (រស់) ៣-ឡុង-ច័ន្ទក្រអូប (ស្លាប់) ៤-ឡុង-ស្រីកា (ស្លាប់) ៥-ឡុង-ឬទ្ធី

ពីឆ្នាំ ១៩៧៥-១៩៧៩ លោក គង់-ឆន ជាទាសករដាច់ថ្លៃ របស់អង់ការប៉ុល ពត នៅក្នុងសម័យនោះផងដែរ លោក គង់-ឆន ត្រូវបានអង់ការហៅទៅសំលាប់ចោល តែជា សំណាងល្អត្រូវបានគេដោះលែងមកវិញ ដោយគេនិយាយថា ហៅខុសមនុស្ស សូមបញ្ជាក់ថា នៅពេលដែលពួកអង់ការនាំទៅសំលាប់នោះ លោក គង់-ឆន បានគិតនៅក្នុងចិត្ត ថា បើអាត្មាអញបាននៅរស់អាត្មាអញនឹងសុំលាភរិយាទៅបួស ។ ដោយទឹកដោះម្តាយថ្លៃ លោក គង់-ឆន បានរួចផុតពីការសំលាប់ ហើយក៏បានទុកដាក់កូនទាំង២ ឱ្យនៅជាមួយម្តាយ ហើយក៏បានលាភរិយាសុំទៅបួសតាមការសន្យា ។ នៅថ្ងៃ ទី ២២ ខែ មករា ឆ្នាំ ១៩៧៩ លោក គង់-ឆន បានចូលបួសក្នុងសំណាក់ ព្រះគ្រូឧបជ្ឈាយ៏ ព្រះនាម ឈុន-ជឹម គង់នៅវត្តស្វាអាត់ ឃុំ ជ្រៃ ស្រុក ព្រៃវែង ខេត្តព្រៃវែង ។

នៅឆ្នាំ ១៩៨០ ទាំង ព្រះគ្រូឧបជ្ឈាយ៏ និង សិស្យគង់-ឆន បានទៅបួសសារជាថ្មីម្តងទៀត នៅវត្តឧណ្ណាលោម នាទីក្រុងភ្នំពេញ ក្រោមសំណាក់ព្រះគ្រូឧបជ្ឈាយ៏ សមេ្តច ទេព-វង្ស ដោយព្រះគ្រូឧបជ្ឈាយ៏ឲ្យនាមបញ្ញត្តិថា ញាណវិរិយោ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៩៨០ វេលាម៉ោង ១៧ និង ១៥នាទីល្ងាច ។ ប៉ុន្មានថ្ងៃក្រោយមក ព្រះតេជគុណគង់-ឆន ក៏និមន្តត្រឡប់មកកាន់វត្តដើមវិញ (វត្តស្វាអាត់)។ នៅឆ្នាំ ១៩៨២ ព្រះតេជគុណ ញាណវិរិយោ គង់-ឆន ត្រូវបានលោកអាចារ្យ គណៈកម្មការវត្តស្មោង ឃុំ ស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង សុំអារាធនាពីព្រះគ្រូឧបជ្ឈាយ៏ព្រះនាម ឈុន-ជឹម ដើម្បីឲ្យព្រះអង្គ បានមកគង់នៅវត្ត ស្មោង ខេត្តព្រៃវែង ។ នៅចុងឆ្នាំ ១៩៨២ នោះដែរ ព្រះតេជគុណ ញាណវិរិយោ គង់-ឆន បាននិមន្តមកគង់នៅវត្តស្មោង ដោយមានតួនាទីជាព្រះចៅអធិការវត្ត ។ នៅឆ្នាំ ១៩៨៣ ព្រះតេជគុណ ញាណវិរិយោ គង់-ឆន ត្រូវបានព្រះមេគណខេត្តព្រៃវែង ព្រះនាម ឈុន-ជឹម បានតែងតាំងជា អនុគណស្រុកកំចាយមារ ។ នៅឆ្នាំ ១៩៩២ ព្រះតេជគុណ គង់-ឆន បានលាលែងពីមុខដំណែងជាព្រះអនុគណ ស្រុកកំចាយមារ មូលហេតុដោយព្រះអង្គមានការមមាញឹកច្រើនក្នុងកិច្ចការកសាងវត្ត ហើយមិនបានបំពេញ តួនាទីឲ្យបានគ្រប់គ្រាន់ ។

ពីឆ្នាំ ១៩៩២-២០១០ ព្រះតេជគុណ ញាណវិរិយោ គង់-ឆន មានតួនាទីជាព្រះចៅអធិការវត្ត ស្មោង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

អំពីស្នាព្រះហស្ថ ដែលព្រះតេជគុណ ញាណវិរិយោ គង់-ឆន បានចូលរួមកសាងក្នុងព្រះពុទ្ធសាសនា និង សង្គមជាតិ ក្នុងរយៈពេលដែលព្រះអង្គទ្រង់ព្រះផ្នួស សម្រេចបានលទ្ធផលដូចខាងក្រោមៈ

-ដឹកនាំកសាង ព្រះវិហារ -កុដិ -ឧបដ្ឋានសាលា -សាលាបាលី -ជីកស្រះ -អណ្តូងទឹក បន្ទប់ទឹក បង្គន់អនាម័យ -របងវត្ត -ជាវដីពង្រីកវត្ត -ដឹកនាំកសាងសាលារៀនអនុវិទ្យាល័យកំចាយមារ ១ខ្នង ខេត្តព្រៃវែង -ដឹកនាំកសាងសាលារៀនបឋមសិក្សាស្មោង ២ខ្នង -កសាងខ្លោងទ្វារសាលាបឋមសិក្សាស្មោង -ជាវដី១ហិកតា ពង្រីកសាលាបឋមសិក្សាស្មោង -ដាំដើមឈើ ។ល។

ព្រះតេជគុណ ញាណវិរិយោ គង់-ឆន ចាប់ផ្តើមអាពាធនៅខែ កក្កដា ឆ្នាំ ២០១០ ព្រះអង្គបាននិមន្តទៅព្យាបាលនៅទីក្រុង ភ្នំពេញ អស់រយៈកាលជាង១ខែ តែហាក់បីដូចជា មិនធូរស្បើយសោះ ព្រះអង្គក៏សំរេចព្រះទ័យនិមន្តត្រឡប់ទៅវត្តវិញ លុះមកដល់ថ្ងៃច័ន្ទ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ វេលាម៉ោងប្រមាណជា ៥ល្ងាច ស្តេចយមរាជមកឆក់យកជីវិតព្រះអង្គទៅ ដោយបន្សល់ទុកនូវ ភាពទុក្ខ សោកក្រៀមក្រំ រន្ធត់ សំរាប់សិស្សានុសិស្ស ក្រុមញាតិសាច់សារលោហិត សិស្សគណ និង ពុទ្ធបរិស័ទ មានការនឹករលឹក ស្រណោះ អាឡោះអាល័យ និងសោកស្តាយជាទីបំផុត ។ សេចក្តីខាងលើនេះចាត់ទុកជាទិន្នានុប្រវត្តិតទៅ ៕ សូមអរព្រះគុណ និង អរគុណ!