User:Hin bunhan
វេយ្យាករណ៍ខ្មែរ Khmer Grammar វេយ្យាករណ៍ខ្មែរ ជាក្បួនបង្រៀនវិធីសរសេរអក្សរ និងនិយាយភាសាខ្មែរឱ្យបានត្រឹមត្រូវ។
អក្ខរៈ ឬ អក្សរ ដែលបានប្រើនៅក្នុងភាសាខ្មែរ មានពីរយ៉ាងគឺ៖ ស្រៈ និង ព្យញ្ឃនៈ ១-ស្រៈ មានពីរពួក គឺ៖ ស្រៈពេញតួ និង ស្រៈនិស្ស័យ ១/ក- ស្រៈពេញតួគឺជាស្រៈ ដែលអាចបញ្ចេញខ្លួនឯងបាន ហើយដែលហាក់ដូចជាបានផ្សំ តួព្យញ្ជនៈនិងស្រៈរួចទៅហើយ។ ស្រៈពេញតួនេះមាន ១៣តួគឺ៖ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ឧទាហរណ៍៖ ឪ= អូវ , ឮ= លឺ , ឬ=រឺ ស្រៈពេញតួនេះ អាចប្រើជាមួយនឹងព្យញ្ជនៈណាមួយ ដើម្បីបង្កើតបានជាពាក្យមួយ។ ឧទាហរណ៍៖ ឫស្សី , តួឯក , ឥឡូវ ,ឪពុក , ឱ្យ=អោយ , ឦសាន ។ល។ ១/ខ-ស្រៈនិស្ស័យជាស្រៈដែលប្រើអាស្រ័យឬប្រកបនឹងតួព្យញ្ជនៈទើបអាចបញ្ចេញសម្លេងជាពាក្យបាន។ ស្រៈនិស្ស័យមាន ២០តួគឺ៖ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ កំណត់ៈកាលសម័យបុរាណ ខ្មែរយើងបានរាប់ចំនួនស្រៈនិស្ស័យនេះជា២១តួ ប៉ុន្តែ ដោយតួស្រៈ (អ) វានៅបង្កប់ក្នុងព្យញ្ជនៈទៅហើយនោះ យើងក៏បានកាត់មករាប់ត្រឹមតែ២០តួវិញ។ រីឯ ស្រៈដែលគួបផ្សំផ្សេងអំពីស្រៈ២០តួខាងលើ គឺជាស្រៈប្រកប។ ឧទាហរណ៍៖ េះ គឺផ្សំដោយ េនិង ះ , ោះ -ផ្សំដោយ ោ និង ះ , ុះ = ុ និង ះ ឹះ = ឹ និង ះ ២- ព្យញ្ជនៈមាន ៣៣តួគឺ៖ ក ខ គ ឃ ង ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ ត ថ ទ ធ ន ប ផ ព ភ ម យ រ ល វ ស ហ ឡ អ ។
ព្យញ្ជនៈទាំងនេះ ចែកចេញជាវគ្គ ដែលមួយវគ្គៗមាន៥តួ ហើយនិង អវគ្គ ឬ សេសវគ្គ១។ វគ្គទី១៖ ក ខ គ ឃ ង វគ្គទី២៖ ច ឆ ជ ឈ ញ វគ្គទី៣៖ ដ ឋ ឌ ឍ ណ វគ្គទី៤៖ ត ថ ទ ធ ន វគ្គទី៦៖ ប ផ ព ភ ម និងសេសវគ្គ៖ យ រ ល វ ស ហ ឡ អ ព្យញ្ជនៈទាំងឡាយមានសូរសម្លេងជា២ក្រុមផ្សេងគ្នា។ ពួកសម្លេង តូច ឬ ស្រាល ហៅថា អឃោសៈ និងពួកសម្លេង ធំ ឬ ធ្ងន់ គ្រលរ ហៅថា ឃោសៈ ក)- ព្យញ្ជនៈអឃោសៈមាន៖ ក ខ - ច ឆ - ដ ឋ ណ - ត ថ - ប ផ - ស ហ - ឡ អ ។ ខ)- ព្យញ្ឃនៈឃោសៈមាន៖ គ ឃ ង - ជ ឈ ញ - ឌ ឍ - ទ ធ ន - ព ភ ម - យ រ ល វ ។ នៅក្នុងភាសាខ្មែរ ដើម្បីប្រកបតួអក្សរនិមួយៗឱ្យចេញជាពាក្យ ព្យញ្ជនៈទាំងឡាយ ត្រូវមានជើងអក្សរជាជំនួយ។ ជើង និង ព្យញ្ជនៈទាំងនេះមាន៖ ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ ។ គ)-ក្នុងតួព្យញ្ជនៈទាំង៣៣តួនេះ គេបានបែងចែកជា២ក្រុមផ្សេងពីគ្នា។ ក្រុមដែលមានសម្លេងតែមួយ ហៅថាៈ សិថិល និង ក្រុមដែលមានសម្លេងផ្សំ ហៅថាៈ ធនិត ។ ក្រុម សិថិល មាន៖ ក គ - ច ជ - ដ ឌ - ត ទ - ប ព ។ + ចុងវគ្គទាំង៥៖ ង ញ ណ ន ម + សេសវគ្គ៖ យ រ ល វ ស ហ ឡ អ ក្រុម ធនិត មាន៖ ខ ឃ - ឆ ឈ - ឋ ឍ - ថ ធ - ផ ភ ។ ក្រុម ធនិត ជាតួអក្សរដែលសម្លេងរបស់វា មានខ្យល់ផ្សំដោយអក្សរ ៈ ក+ហ ==› ខ , ច+ហ==› ឆ , ដ+ហ==›ឋ ។ល។ វណ្ណយុត្តិ ដើម្បីបំពេញសេចក្តីត្រូវការក្នុងភាសាខ្មែរ ចាស់បុរាណ លោកបានបន្ថែមវណ្ណយុត្តិទៅលើតួព្យញ្ជនៈទាំងឡាយ។ ក)-មូសិកទន្ត ឬ ធ្មេញកណ្តុរ ឬ សម្លាប់ពីរ (៉) សញ្ញានេះ (៉) សម្រាប់សម្លាប់ព្យញ្ជនៈចុងវគ្គឃោសៈខ្លះ ឱ្យទៅជាព្យញ្ជនៈអឃោសៈ ដូចជា ង››ង៉ , ញ››ញ៉ , ម››ម៉ និង ព្យញ្ជនៈសេសវគ្គ យ››យ៉ , រ››រ៉ , វ››វ៉ ហើយនិងព្យញ្ជនៈអឃោសៈមួយ ប››ប៉ ។ សញ្ញាធ្មេញកណ្តុរនេះ សម្រាប់ដាក់ទៅលើតួអក្សរនៅដើមព្យាង្គនៃពាក្យ និង ពាក្យណាដែលគ្មានព្យាង្គឯទៀតបង្អោនមក ឬ ក៏ព្យាង្គនោះនៅទោលដាច់តែឯង ដូចពាក្យៈ ប៉ុន្តែ ម៉ត់ ប៉ង ។ បើកាលណា មានសម្លេងព្យាង្គដើម ឬតួអក្សរខាងដើមបង្អោនមក គេមិនចាំបាច់ដាក់ធ្មេញកណ្តុរ(៉)នេះឡើយ ដូចពាក្យៈ ប្រមោយ ស្រវឹង ចម្បា សម្លេង សង្វាត ថ្ម ត្មាត ។ល។ ប្រសិនបើ ធ្មេញកណ្តុរនេះ ត្រូវដាក់ទៅលើតួព្យញ្ជនៈ ដែលមានស្រៈនិស្ស័យនៅពីលើ វណ្ណយុត្តិ ធ្មេញកណ្តុរនេះ និងផ្លាស់ទៅជា ‹‹ បុកជើង( ុ )វិញ ›› ឧទាហរណ៍ៈ រញ៉ាំរញ៉ូវ - ញ៉ាំញ៉ើ - នំប៉័ង - ប៉ើង .......។ ខ)-ត្រីស័ព្ទ ឬ សក់ ‹‹ក›› (៊) សញ្ញានេះ(៊) សម្រាប់បំបែរសម្លេងព្យញ្ជនៈអឃោសៈ ឱ្យទៅជាឃោសៈវិញ។ គេប្រើនៅលើព្យញ្ជនៈ៤តួគឺ៖ ប››ប៊ - ស››ស៊ - ហ››ហ៊ -អ››អ៊ ។ វិធីប្រើវណ្ណយុត្តិនេះ ក៏ដូច ជា មូសិកទន្តដែរ កាលណា មានស្រៈនៅលើព្យញ្ជនៈណាមួយហើយ ត្រីស័ព្ទនេះ នឹងក្លាយទៅជាស្រៈ(ុ)ឬបុកជើងវិញ និង គេមិនចាំបាច់ប្រើត្រីស័ព្ទទេ នៅពេលដែលព្យាង្គខាងដើមមានសម្លេងជា ឃោសៈ។ ឧទាហរណ៍ៈ ស៊ី - ហ៊ឹងត្រចៀក - អ៊ុត - វិហារ - ទាហាន - ទ្រហឹង.......។ កំណត់ចំណាំៈ ព្យញ្ជនៈអឃោសៈទាំងឡាយ ដែលប្រកបជាមួយនឹងស្រៈនិស្ស័យ ត្រូវបញ្ចេញសម្លេងជាអឃោសៈ វៀរលែងតែស្រៈ៣តួ គឺ៖ ស្រៈ(ួ) - ស្រៈ(ឿ) និង ស្រៈ(ៀ) ដូចជាៈ កឿង អានដូចគ្នា គឿង - តួ អានដូចគ្នា ទួ - កៀង អានដូចគ្នា គៀង .....។ល។ រីឯព្យញ្ជនៈឃោសៈវិញ កាលណាប្រកបជាមួយនឹងស្រៈនិស្ស័យ ត្រូវបញ្ចេញសមេ្លងជាឃោសៈទាំងអស់។ គ)-បន្តក់ ឬ រស្សសញ្ញា(់) សញ្ញានេះ (់) សម្រាប់ប្រើទៅលើតួប្រកបដែលព្យាង្គពាក្យកើតឡើងពីស្រៈអ និងស្រៈអា ហើយនិងកាត់ស័ព្ទបង្អូសវែង ឱ្យមកជាស័ព្ទខ្លី។ ដូចពាក្យៈ ចង ស័ព្ទវែង ចង់ ស័ព្ទខ្លី ចាប --------- ចាប់ ------ ចាក -------- ចាក់ ------ ដាស ------- ដាស់ ----- ឯតួអក្សរដែលប្រកបរបស់ព្យាង្គពាក្យហើយទទួលសញ្ញាបន្តក់(់)នេះបាន មានតែ៩តួគឺ៖ ក ង ច ញ ត ន ប ល ស ។ អក្សរក្រៅពីនេះ ទោះត្រូវកាត់ស័ព្ទវែងឱ្យខ្លីក៏ដោយ មិនត្រូវទទួលវណ្ណយុត្តិបន្តក់(់)នេះឡើយ ដូចជាពាក្យដែលក្លាយមកអំពីសំស្ក្រឹតនិងបាលីជាដើម។ ឧទាហរណ៍ៈ បទចម្រៀង សព្វសត្វ ជន ធនធាន ភព កុសល ផល លាមក ក្សត្រ ជាដើម។ល។