User:HAK Vandara
== អក្សរសិល្ប៍វិទ្យា LITEROLOGY ==
ដោយ ហាក់ វ៉ាន់ដារា (បណ្ឌិតផ្នែកអក្សរសិល្ប៍)
អ្វីជាអក្សរសិល្ប៍វិទ្យា?
”អក្សរសិល្ប៍វិទ្យា ” ជាវិទ្យាសាស្រ្តសិក្សាពីសៀវភៅ, គំនូរ និងអ្វីៗទាំងឡាយដែលទាក់ទងនឹងអក្សរសិល្ប៍។
អ្វីជាអក្សរសិល្ប៍?
និយមន័យតាមបែបអ្នកអក្សរសិល្ប៍ខ្មែរកន្លងមកថា “អក្សរសិល្ប៍ ” មកពីបន្សំនៃពាក្យ “អក្សរ + សិល្ប៍ ”។
“អក្សរ ” មកពីពាក្យ “អក្ខរ ” ដែលមានន័យថាជាស្នាមគំនូស មានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្តីនិងសេចក្តីទាំងពួង ។ “សិល្ប៍ ” គឺជាសំណៅលក្ខណៈច្នៃប្រឌិដ្ឋឲ្យមានសោភ័ណរស់រវើកគួរជាទីចាប់ចិត្ត ដិតអារម្មណ៍ បង្កើតឡើងនូវភាពរំភើប។ “អក្សរសិល្ប៍ ” ជាវិទ្យាសាស្រ្តដែលចោទ និងដោះស្រាយបញ្ហាមនុស្សដោយសិល្ប៍វិធី ។
ឯនិយមន័យតាមបែបអ្នកអក្សរសិល្ប៍បរទេសវិញ ថា “អក្សរសិល្ប៍ ” ជាវិទ្យាសាស្រ្តប្រើប្រាស់អក្សរប្រកបដោយរូបារម្មណ៍សិល្បៈ ឆ្លុះបញ្ចាំងបញ្ហាមនុស្សនៅគ្រប់សម័យកាលដោយសិល្ប៍វិធី។ “អក្សរសិល្ប៍ ” ជាកម្រងឯកសារស្តីពីជីវិត អ្នកអានរមែងមានការយល់ដឹងច្រើនក្រោយពេលដែលគេបានអានសៀវភៅរឿងទាំងឡាយ តាំងពីពិពិធភាពនៃទេសភាពធម្មជាតិ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពនិងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងសង្គមជាដើម ហើយក្រៅពីនេះ ក៏នៅមានអក្សរសិល្ប៍-សិល្បៈខ្លះពុំបានផ្តល់ប្រយោជន៍ឲ្យអ្នកអាន ឬអ្នកទស្សនាឃើញភ្លាមៗទេ ប៉ុន្តែវាបានបំពេញតួនាទីយល់ដឹងអំពីតថភាពសង្គម។ “អក្សរសិល្ប៍ ” ជាស្នាដៃដែលអ្នកនិពន្ធបានតាក់តែងឡើងមកប្រកបដោយគុណតម្លៃដ៏ឧត្តុង្គឧត្តមខាងផ្នែកសិល្បៈ គុណតម្លៃបញ្ញាញាណ និងជាប្រភេទនៃស្នាដៃដែលបានប្រើប្រាស់នូវភាសាមួយបែប ខុសប្លែកពីភាសាធម្មតា។ និយមន័យស្តីពី “អក្សរសិល្ប៍ ” មានពេលខ្លះ វាត្រូវបានគេឲ្យន័យទាក់ទងទៅនឹងវប្បធម៌ ពេលខ្លះឲ្យន័យទាក់ទងនឹងសាសនា ហើយចំណែកអ្នកមានចិត្តចង្អៀតវិញ ក៏បានកំណត់ន័យ “អក្សរសិល្ប៍ ” ថាត្រឹមតែជាប្រភេទស្នាដៃដែលមានរូបារម្មណ៍ប៉ុណ្ណោះក៏មាន។
និយមន័យស្តីពី “អក្សរសិល្ប៍ ” របស់អ្នកទម្រង់និយមបានចែងថា មុខសញ្ញាដ៏ពិតប្រាកដរបស់ "អក្សរសិល្ប៍ " នោះគឺ “កំណាព្យ ” ជាស្នាដៃរបស់ "អ្នកនិពន្ធ " ឬ " កវី " ឬប្រភេទដទៃទៀតនៃសំណេរដែលប្លែកពីសុន្ទរកថាធម្មតា។ ការវាយតម្លៃប្រកបដោយគុណតម្លៃពីនិយមន័យនៃ “អក្សរសិល្ប៍ ” នោះគឺការកំណត់ថា “អក្សរសិល្ប៍ “ សំដៅឆ្ពោះទៅដល់សំណេរទាំងឡាយដែលប្រកបដោយគុណតម្លៃខ្ពស់ ឬក៏ត្រឹមតែមួយផ្នែកនៃវិចិត្រសំណេរ ក្នុងទំនៀមទម្លាប់ប្រពៃណីប៉ុណ្ណោះ។ ប្រភេទនៃនិយមន័យដែលបានប្រើប្រាស់ក្នុងសព្វវចនាធិប្បាយ គេបានកំណត់ន័យថា “អក្សរសិល្ប៍ ” គឺជា "ការសម្តែងនូវមនោសញ្ចេតនានៃគំនិតដែលបង្ហូរចេញមកតាមរយៈសំណេរ "។ បញ្ហាដែលចោទឡើងចំពោះទស្សនៈនេះគឺថា គ្មានកម្មវត្ថុនៃនិយមន័យណាមួយដែលអាចធ្វើកំណត់ដោយអត្តនោម័តិថា អ្វីៗទាំងអស់សុទ្ធតែជា “អក្សរសិល្ប៍ ” នោះទេ ហើយក៏គ្មាននិយមន័យអ្វីដែលមានសក្តានុពលសកលស្តីអំពី “អក្សរសិល្ប៍ ” នោះដែរ ការវាយតម្លៃ “អក្សរសិល្ប៍ ” រមែងមានសភាពប្រែប្រួល និងផ្លាស់ប្តូរទៅតាមពេលវេលាជាដរាប ដែលនេះវាសមទៅនឹងទ្រឹស្តីដែលចែងអំពីតួនាទីនៃ “អក្សរសិល្ប៍ ” ថា “អក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម សង្គមបែបណា អក្សរសិល្ប៍បែបនោះ ”។
ប្រភេទនៃអក្សរសិល្ប៍
ប្រភេទ “អក្សរសិល្ប៍ ” គឺជាបំណែកមួយនៅក្នុងសមាសភាពអក្សរសិល្ប៍។ ប្រភេទ “អក្សរសិល្ប៍ ” កំណត់ដោយបច្ចេកទេសខាងអក្សរសិល្ប៍ សម្តី មាតិកា ឬប្រវែង (ដូចក្នុងករណីប្រឌិតកថា)។ ត្រង់នេះគួរកុំច្រឡំប្រភេទអក្សរសិល្ប៍ជាមួយនឹងប្រភេទនៃអាយុកាលរបស់អក្សរសិល្ប៍ ដែលគេបានធ្វើចំណាត់ថ្នាក់នៅក្នុងអក្សរសិល្ប៍នោះឲ្យសោះ តួយ៉ាងដូចជា ប្រភេទអក្សរសិល្ប៍សម្រាប់មនុស្សពេញវ័យ ឬអក្សរសិល្ប៍សម្រាប់កុមារនោះជាដើម ហើយក៏មិនត្រូវច្រឡំជាមួយទ្រង់ទ្រាយរបស់ប្រលោមលោក ឬប្រលោមលោករូបភាពនោះដែរ។ ជាធម្មតាគេអាចធ្វើចំណាត់ប្រភេទស្នាដៃ “អក្សរសិល្ប៍ ” ទាំងឡាយថាជាពាក្យកាព្យឬពាក្យរាយ (ជាប្រលោមប្រភេទ ឬមិនមែនជាប្រលោមប្រភេទ) ទៅតាមការតាក់តែងវាហើយនៅតាមប្រភេទធំៗទាំងនោះ គេក៏អាចបែងចែកវាឲ្យល្អិតជាងនេះទៅទៀត តួយ៉ាង ដូចជានៅក្នុងប្រភេទអក្សរសិល្ប៍ “ពាក្យរាយ ” ដែលយើងសំដៅទៅលើប្រលោមលោក នោះ ក៏យើងអាចបែងចែកវាជាផ្នែកតូចៗទៀត ដូចជា “ប្រលោមកថា ” (ប្រលោមលោកខ្នាតវែង) “នវកថា ” (ប្រលោមលោកខ្នាតខ្លី) ឬរឿងខ្លី ជាដើមបាន ដោយការពិនិត្យលើទម្រង់របស់វា ឯការធ្វើចំណាត់ថ្នាក់ស្នាដៃទាំងអស់ គឺដោយការពិនិត្យមើលតាមលក្ខណៈសិល្ប៍សោភ័ណរបស់វា។ ភាពខុសគ្នារវាងទម្រង់ និងប្រភេទ គឺរមែងមានភាពបត់បែន និងការកំណត់ជានិច្ចកាល ហើយយ៉ាងរៀបរយតាមរយៈក្រុមរណបរបស់វា។ ជាទូទៅ អ្នកអក្សរសិល្ប៍បាន ចែក “អក្សរសិល្ប៍ ” ចេញជាប្រភេទធំៗ៣គឺ ៖
-ពាក្យកាព្យ ឬ កំណាព្យ
-ពាក្យរាយ
-រឿងល្ខោន
១-ពាក្យកាព្យ ឬកំណាព្យ
“ពាក្យកាព្យ ឬកំណាព្យ ” គឺជាទម្រង់មួយប្រភេទនៃអក្សរសិល្ប៍-សិល្បៈ ដែលប្រើប្រាស់នូវសិល្ប៍សោភ័ណលក្ខណៈ និងចង្វាក់នៃភាសា ដើម្បីលើកកម្ពស់អត្ថន័យបន្ថែម ឬក្នុងន័យឆ្លុះបញ្ចាំងពីអត្ថន័យខុសប្លែកពីធម្មតា។ ពាក្យកាព្យ ឬកំណាព្យ ត្រូវបានគេស្គាល់ជាទូទៅថាខុសពីពាក្យរាយត្រង់របៀបនៃការសរសេររបស់វាជាទម្រង់កាព្យ សរសេរជាជួរ ជាបន្ទាត់ ហើយមានភ្ជាប់ទៅដោយធាតុ ចួន ផ្ទួន និងរណ្តំ ជាដើម ឯពាក្យរាយវិញ គេសរសេរជាទម្រង់រាយ ជាឃ្លាប្រយោគធម្មតា ប្រើភាសាបែបសាមញ្ញ។
អ្នកអក្សរសិល្ប៍បានធ្វើបំណែងចែកពាក្យកាព្យ ឬកំណាព្យចេញប្រភេទផ្សេងៗ មានជាអាទិ៍ បទកាព្យខ្លីៗ ឬនវកថា (ដែលគេយកទៅតាក់តែងជាបទចម្រៀង ឬដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន) វីរកថា (ជាកាព្យនិទានវែង ពណ៌នាពីវីរភាព ឬព្រឹត្តិការណ៍ដ៏ក្លៀវក្លាណាមួយជាដើម)។ ពាក្យកាព្យ ឬកំណាព្យ មានកំណើតឡើងតាំងពីយូរលង់ណាស់មកហើយ វាកើតឡើងក្នុងតំណរយៈកាលនៃផលិតកម្មរបស់មនុស្ស ហើយវាមានលក្ខណៈប្រជាប្រិយយ៉ាងជ្រាលជ្រៅ ដែលត្រូវបានមហាជននិយមចូលចិត្ត។ ពាក្យកាព្យ ឬកំណាព្យ មានមុខងារឆ្លុះបញ្ចាំងពីភាពសប្បាយរីករាយ ទុក្ខព្រួយកង្វល់ ការស្រមើស្រមៃ និងបំណងស្វែងរកសុភមង្គលនៃមនុស្ស ក្នុងការតស៊ូដ៏ខ្លាំងក្លាដើម្បីយកឈ្នះលើធម្មជាតិ ប្រឆាំងនឹងរាល់អំពើគាបសង្កត់ កេងប្រវ័ញ្ចនៅក្នុងសង្គមមានវណ្ណៈ។ ជាងនេះទៅទៀត ពាក្យកាព្យ ឬ កំណាព្យ ហាក់មានលក្ខណៈជាប់ស្អិតជាមួយវប្បធម៌ អរិយធម៌នៃជាតិសាសន៍នីមួយៗខ្លាំងណាស់ ហើយវាមានវិសេសភាពផ្ទាល់ខ្លួនថែមទៀតផង ដូច្នេះហើយទើបគេពុំអាចធ្វើការប្រៀបធៀបថា ពាក្យកាព្យ ឬកំណាព្យនៃជាតិសាសន៍ណាមួយ ល្អជាង ពាក្យកាព្យ ឬ កំណាព្យនៃជាតិសាសន៍ណាមួយទៀតបានឡើយ ។ ជាឧទាហរណ៍ វិសេសភាពនៃពាក្យកាព្យ ឬកំណាព្យខ្មែរ ស្ថិតនៅត្រង់កវីខ្មែរបានប្រើប្រាស់នូវក្បួនខ្នាតជាច្រើន ហើយក្បួនខ្នាតទាំងនោះ ប្រែប្រួលផ្លាស់ប្តូរទៅតាមលក្ខណៈនៃបទនីមួយៗ តាំងពីចំណាប់ចុងចួន រង្វាស់ ចង្វាក់ និងបរិយាកាសជាដើម។ មេកាព្យសំខាន់ៗដែលកវីខ្មែរបានប្រើប្រាស់នៅក្នុងពាក្យកាព្យ ឬកំណាព្យខ្មែរ មានជាអាទិ៍ “បទកាកគតិ ” (ដែលគេច្រើនប្រើសម្រាប់រៀបរាប់ដំណើររឿង និងសម្រាប់ការទូន្មានជាដើម) “បទពំនោល ” (ដែលគេច្រើនប្រើសម្រាប់រៀបរាប់ពីការឈ្លោះទាស់ទែងគ្នា ពីការច្បាំងគ្នា ពោលគឺពីអ្វីៗដែលហាក់មានសភាពក្ឌុងក្ឌាំងជាដើម) “បទភុជង្គលីលា ” (ដែលគេច្រើនប្រើសម្រាប់ពណ៌នាអំពីទេសភាពធម្មជាតិ និងការធ្វើដំណើរកាត់ដងព្រៃព្រឹក្សាជាដើម) “បទព្រហ្មគីតិ ” (ដែលគេច្រើនប្រើសម្រាប់រៀបរាប់អំពីក្តីទុក្ខសោក ក្តីស្តាយស្រណោះអាឡោះអាល័យ ពោលគឺអ្វីៗដែលហាក់មានជាសភាពតម្អូញ) “បទបន្ទោលកាក ” (ដែលគេច្រើនប្រើសម្រាប់រៀបរាប់អំពីជម្លោះទាស់ទែងគ្នា ការប្រមាថកាតទានគ្នា ពោលគឺអ្វីៗដែលហាក់មានជាសភាពម៉ាំងទៅម៉ាំងមកជាដើម) “បទពាក្យ៧ និងបទពាក្យ៨ ” (ដែលគេច្រើនប្រើសម្រាប់រៀបរាប់គ្រប់បញ្ហាទាំងអស់) ជាដើម គឺសុទ្ធតែមានរបៀបប្រើខុសៗគ្នា។
តាំងពីបរមបុរាណមក កវីខ្មែរយើងបានយកពាក្យកាព្យ ឬកំណាព្យទៅប្រើប្រាស់ជាបទចម្រៀងសម្រាប់ច្រៀងលេងកំសាន្តតាមភូមិដ្ឋាននីមួយៗ ក្នុងពេលបំពេញការងារស្រែចម្ការ ឬក្នុងពីធីបុណ្យទានផ្សេង ដើម្បីបង្កបង្កើតឡើងនូវបរិយាកាសសប្បាយរីករាយ។ ក្នុងសម័យព្រាហ្មណ៍និយម កវីខ្មែរបានយកពាក្យកាព្យ ឬកំណាព្យ ទៅប្រើប្រាស់នៅក្នុង ពិធីសាសនាផ្សេងៗ ដូចជា សូត្រស្លុតីទៅដល់ព្រះអាទិទេព ដើម្បីបួងសួង អង្វរករដល់អាទិទេពឲ្យប្រទានពរជ័យ និងយកទៅប្រើដើម្បីតាក់តែងជារឿងរ៉ាវផ្សេងៗ តួយ៉ាងដូចជារឿងរាមកេរ្តិ៍ជាដើម។ នៅក្នុងសម័យពុទ្ធនិយម ក៏កវីយើងបានយកពាក្យកាព្យ ឬកំណាព្យនេះ ទៅតាក់តែងជារឿងរ៉ាវផ្សេងទាក់ទងនឹងពុទ្ធសាសនា ជាអាទិ៍ដូចជារឿង “ហង្សយន្ត ” របស់កវីចៅយមបុណ្យភក្តីព្រះស្នេហ៍អនុជិត ឧក រឿង “ភោគកុលកុមារ ” របស់កវីឧកញ៉ាព្រះឃ្លាំង នង រឿង “សព្វសិទ្ធ ” របស់កវីហ្មឺនភក្តីអក្សរ តន់ រឿង “ចៅស្រទបចេក ” របស់កវី យស ងិន រឿង “កាកី ” របស់រាជកវី ព្រះបាទ អង្គឌួង និងចុងក្រោយគឺរឿង “ទុំទាវ ” របស់កវីព្រះបទុមត្ថេរ សោម ជាដើម លុះមកដល់សម័យទំនើប គេពុំសូវឃើញកវីខ្មែរយកពាក្យកាព្យ ឬកំណាព្យ ទៅតាក់តែងជារឿងរ៉ាវដូចសម័យព្រហ្មណ៍និយម និងពុទ្ធនិយមទៀតហើយ ប៉ុន្តែគេយកទៅប្រើជាកាព្យលែបខាយមនោសញ្ចេតនា ស្នេហា ដូចជា “កំណាព្យផ្ញើទៅព្រះម៉ែយួវតី, កន្លង់មាសមង្គលថ្លៃ និងព្រលឹងមាសអើយ “ របស់រាជកវី ព្រះរាជសម្ភារ “គុកកាមកិលេស ” និង “ចិត្តក្រមុំ ” របស់កវី កេង វ៉ាន់សាក់ ឬជាអត្ថបទចំអករិះគន់ ដូចជាស្នាដៃកំណាព្យ “បុប្ផាខ្មៅ ” និង “កើតជាមនុស្សនេះ ” របស់កវី គយ សារុន ជាដើម។
២-ពាក្យរាយ
“ពាក្យរាយ ” គឺជាទម្រង់នៃភាសាដែលមានវាក្យសម្ពន្ធធម្មតា និងសម្តីដែលមានលក្ខណៈធម្មជាតិជាងរចនាសម្ពន្ធចង្វាក់ ក្នុងន័យជាការវាស់វែងក្នុងប្រយោគវែងៗ ជាងជា បន្ទាត់ដែលខុសគ្នាពីកំណាព្យ។ ពាក្យរាយមានបែងចែកចេញជាប្រភេទរណបច្រើន ជាអាទិ៍ កំណត់ត្រា, សុន្ទរកថា, ដំណឹង និងប្រលោមលោកជាដើម។ ទោះបីជាប្រភេទរណបនៅក្នុង “ពាក្យរាយ ” មានច្រើនយ៉ាងណាក៏ដោយ អ្វីដែលយើងអាចនឹងលើកយកមកសិក្សានៅពេលនេះបានគឺមានមួយគត់នោះគឺប្រភេទ “ប្រលោមលោក (Roman)” ព្រោះប្រលោមលោកគឺជាផ្នែកមួយនៃអក្សរសិល្ប៍ ហើយនៅក្នុង “ប្រលោមលោក ” នេះក៏មានចែកចេញជាប្រភេទតូចៗទៀតគឺ ប្រលោមលោកខ្នាតវែង (Novel), ប្រលោមលោកខ្នាតខ្លី (Novella) និងរឿងខ្លីៗ (Short Story) ជាដើម ឯប្រលោមលោកនៃប្រភេទទាំងអស់នេះ ក៏ត្រូវគេបែងចែកបន្តទៅទៀត តាមបែបនៃការនិពន្ធរបស់ស្នាដៃប្រលោមលោកទាំងនោះ តួយ៉ាងដូចជា ប្រលោមលោកបែបមនោសញ្ចេតនា, ប្រលោមលោកបែបគុណនិយម, ប្រលោមលោកបែបផ្សងព្រេង, ប្រលោមលោកបែបប្រវត្តិសាស្រ្ត, ប្រលោមលោកបែបវិទ្យាសាស្រ្ត-អច្ឆរិយ, ប្រលោមលោកបែបស៊ើបអង្កេត និងប្រលោមលោកបែបវីរភាពជាដើម។
-ប្រលោមលោកខ្នាតវែង (Novel)
“ប្រលោមលោកខ្នាតវែង ” (Novel) គឺជាប្រភេទមួយនៃប្រលោមលោកទំនើប ជាប្រឌិតកថាពាក្យរាយដ៏វែងមួយបែប ដែលទម្រង់របស់វាខិតទៅជិតនឹងតថភាពនៃជីវិត។ “ប្រលោមលោកខ្នាតវែង ” បានអភិវឌ្ឍចេញមកពីប្រលោមលោកបែបទូលាយនាសម័យបុរាណ តួយ៉ាងដូចជា តន្តីក្រិក ឬរ៉ូម៉ាំងបុរាណ និងប្រលោមលោកពាក្យកាព្យ។ ពាក្យ “ប្រលោមលោក ” ក្នុងភាសាអឺរ៉ុបកាលពីអំឡុងសតវត្សទី១៥ គឺប្រើសំដៅជា “ដំណឹង ” គេបង្កើតពាក្យនេះឡើងមក ដោយមិនបានបែងចែកថាពិត ឬប្រឌិតទេ ហេតុការណ៍បែបនេះទើបមានអ្នកធ្វើកំណត់ប្រវត្តិខ្លះ បានកំណត់ឈ្មោះឲ្យថា “ប្រលោមលោកមុនប្រលោមលោក ” និង “ប្រលោមលោកទំនើប ” ដូច្នេះ ទម្រង់ប្រលោមលោកទំនើបនៅអឺរ៉ុបទើបលេចជារូបរាងឡើងនាអំឡុងសតវត្សទី១៨ប៉ុណ្ណោះ។
ដោយឡែកនៅប្រទេសកម្ពុជាយើង រហូតមកទល់សម័យកណ្តាល ពោលគឺអំឡុងសតវត្សទី១៥ ដល់ ១៨ ទៅហើយ ក៏គេពុំទាន់ឃើញមានវត្តមានប្រលោមលោកក្នុងប្រទេសនេះនៅឡើយដែរ អ្វីដែលយើងឃើញមាននោះ គឺត្រឹមតែជារឿងដែលកវីនិម្មិតចេញពីគម្ពីរសុត្តនបិតក សរសេរជាពាក្យកាព្យ ពណ៌នាអំពីដំណើរកសាងបារមីរបស់ព្រះពុទ្ធអង្គពីនានាជាតិ កាលទ្រង់ពុំទាន់បានត្រាសដឹងជាព្រះសម្ពុញ្ញុពុទ្ធ ដែលអ្នកអក្សរសិល្ប៍កំណត់ហៅថាជាសាស្រ្តាល្បែងនោះប៉ុណ្ណោះ ហើយក្នុងបណ្តាស្នាដៃនៃសាស្រ្តាល្បែងទាំងនោះ សុទ្ធតែតាក់តែងឡើងដោយប្រធានរឿង សេចក្តីផ្តើម ដំណើររឿង និងបញ្ចប់រឿង គោរពទៅតាមក្បួនខ្នាតឯកភាពគ្នាទាំងអស់។ លុះក្រោយមកទើបគេឃើញមានស្នាដៃពីរ ទី១គឺស្នាដៃ “កាកី ” របស់រាជកវីព្រះបាទអង្គឌួង ហាក់ដូចជាមានរចនាបថនិពន្ធ ឃ្លាតចាកពីលក្ខណៈតន្តីដូចដែលតន្តិកវីទូទៅនាសម័យកណ្តាលបានអនុវត្តបន្តិចព្រោះប្រធានរឿង លែងពុទ្ធនិយមសុទ្ធសាធដូចបណ្តារឿងពុទ្ធនិយមមុនៗទៀតហើយៗ ដំណើររឿង កវីបានលើកយកបញ្ហាជីវិត និងស្នេហារបស់មនុស្សពិតៗ និងជីវភាពប្រចាំថ្ងៃរបស់មនុស្សធម្មតាៗមកបង្ហាញ ប៉ុន្តែនៅរក្សាការសជាតិជាព្រះពុទ្ធអង្គ និងព្រះញាតិរបស់ទ្រង់នៅចុងបញ្ចប់នៃរឿង តែហាក់មិនសូវជាសមទំនងដូចបណ្តារឿងមុនៗ។ ក្រោយមក ក៏មានលេចចេញនូវស្នាដៃមួយទៀតឈ្មោះ “ទុំទាវ ” របស់ភិក្ខុកវីព្រះបទុមត្ថេរ សោម ទោះបីជាស្នាដៃនេះនៅរក្សាទម្រង់សំណេរជាពាក្យក្តី ក៏អ្នកអក្សរសិល្ប៍បានចាត់ទុកថា ស្នាដៃនេះជារបកគំហើញថ្មីក្នុងវិស័យអក្សរសិល្ប៍ខ្មែរដែរ ហើយស្នាដៃនេះ ក៏គឺជាបដិវត្តនៃនិម្មិតកម្មក្នុងស្នាដៃប្រលោមលោកខ្មែរសម័យកណ្តាល ពីពុទ្ធនិយមទៅតថភាពនិយម ព្រោះស្នាដៃនេះលែងនិយាយពីការកសាងបារមីរបស់ព្រះពោធិសត្វ លែងនិយាយពីការសជាតិអ្វីទៀតហើយ គឺនិយាយតែពីជីវភាពរស់នៅជាក់ស្តែងរបស់មនុស្សសាមញ្ញ ពីដំណើរនៃសេចក្តីស្នេហា និងនិរាសស្នេហ៍ព្រោះតែការពង្រាត់ជាដើម។ ចេញពីស្នាដៃដ៏គួរឲ្យកត់សម្គាល់ទាំងពីរនេះ យើងឃើញស្នាដៃរបស់អ្នកនិពន្ធសម័យក្រោយៗក៏បានផ្លាស់ប្តូររចនាបថនិពន្ធទាំងស្រុង ស្នាដៃស្ទើរតែទាំងអស់សរសេរជាពាក្យរាយ លែងសរសេរជាកំណាព្យ ហើយលែងបង្ហាញពីការកសាងបុណ្យបារមីទៀតហើយ ដោយឆ្លុះបញ្ចាំងតែពីតថភាព ប្រធានរឿងច្រើនតែអំពីមនោសញ្ចេតនាស្នេហា ដូចយ៉ាងរឿង “ផ្កាស្រពាន ” របស់អ្នកនិពន្ធ នូ ហាច ដែលលើកយកដំណើរស្នេហារបស់កញ្ញា វិធាវី និងកម្លោះ ប៊ុនធឿន, ចម្បាំងកាប់ចាក់គ្នាបែបអ្នកគុណនិយម ដូចយ៉ាងរឿង “ចោរខ្លែងមាស ” របស់អ្នកនិពន្ធ មិត្ត សាខុន ដែលនិយាយអំពីដំណើរជីវិតរបស់ យុទ្ធការ មេកងការពារវិមានសមសួន ក្នុងត្រកូលដាវកំបុត ច្បាំងប្រយុទ្ធជាមួយបច្ចាមិត្ត, លើកយកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមករ៉ាយរ៉ាប់ ដូចយ៉ាងរឿង “បន្ទាយលង្វែក ” របស់អ្នកនិពន្ធ រ. គោវិទ ដែលលើកយកប្រវត្តិសាស្រ្តសម័យលង្វែក មកតាក់តែងជាដំណើររឿង និងរបៀបស៊ើបអង្កេតដូចយ៉ាងរឿង “ទេវរូបត្បូងខ្មៅ ” របស់អ្នកនិពន្ធ វង់ ផឿង ដែលនិយាយអំពីដំណើរបេសកម្មរបស់ អច្ឆរិយា០០៥ តាមរកទេវរូបត្បូងខ្មៅ ជារតនវត្ថុរបស់ខ្មែរ ត្រូវពួកជនទុច្ចរិតសៀមលួចយកទៅជាដើម។
-ប្រលោមលោកខ្នាតខ្លី (Novella)
នៅក្នុងន័យជាក់លាក់ “ប្រលោមលោកខ្នាតខ្លី ” (Novella) គឺស្ថិតនៅចន្លោះរវាងប្រលោមលោក និងរឿងខ្លី អ្នកសិក្សាអក្សរសិល្ប៍បានបញ្ចេញយោបល់ស្របគ្នាថា ប្រលោមលោកខ្នាតខ្លី (Novella) នេះ បើនឹងចាត់ទុកថាជាប្រលោមលោកខ្នាតវែងគឺវាខ្លីពេក តែបើនឹងចាត់ទុកថាជារឿងខ្លីនោះគឺវាវែងពេក ហើយបើទោះជាយ៉ាងនេះក្តី អ្នកសិក្សា ក៏ដូចជាអ្នកទ្រឹស្តី មិនបានឲ្យនិយមជាក់លាក់ ដើម្បីកំណត់ចំនួនទំព័រប្រលោមលោកខ្នាតខ្លី (Novella) នេះដែរ។ ដោយសារតែអ្នកសិក្សា ហើយនឹងអ្នកទ្រឹស្តីមិនបានកំណត់ចំនួនទំព័រ ប្រភេទ “ប្រលោមលោកខ្នាតខ្លី ” (Novella) ដូច្នេះហើយ បើយើងពិនិត្យជាទូទៅ ប្រភេទ “ប្រលោមលោកខ្នាតខ្លី ” (Novella) នេះ នៅប្រទេសកម្ពុជាយើងហាក់ពុំសូវមានសម្បូរស្នាដៃប្រភេទនេះទេ។
-រឿងខ្លី (Short Story)
“រឿងខ្លី ” (Short Story) ជាប្រលោមប្រភេទដែលជាសំណុំមួយនៃអក្សរសិល្ប៍ ហើយនៅក្នុងបណ្តុំនៃរឿងខ្លី (Short Story) វាក៏មានរាប់បញ្ចូលផងដែរនូវនិទានកថាខ្លីៗនានាទាំងឡាយថែមទៀតផងដែរ។ ក្នុងករណីនេះ អ្នកដែលយល់ពីនិយមន័យអក្សរសិល្ប៍មិនសូវច្បាស់ អាចកើតមានទស្សនៈជំទាស់ខ្លះៗទាក់ទងទៅនឹងប្រភពកំណើតនៃរឿងខ្លី (Short Story) ព្រោះថារឿងខ្លះមានកំណើតជាតក ឬព្រះគម្ពីរ ឯនិទានកថាទៀតសោតភាគច្រើនក៏មានកំណើតមកពីមហាជនដែរ។ ជាចម្លើយងាយៗគឺថា ឲ្យតែពាក្យថា “រឿង ” (រឿងក្នុងភាសាអក្សរសិល្ប៍) ទោះខ្លីក្តី វែងក្តី នវកថាក្តី និទានកថាក្តី គឺសុទ្ធសឹងជាអក្សរសិល្ប៍ទាំងអស់ ព្រោះទាំងនោះសុទ្ធតែបានឆ្លងកាត់ការនិពន្ធ ការនិទាន ការតំណាល (ទោះបីដោយផ្ទាល់ក្តី ដោយតៗគ្នាពីមាត់មួយទៅមាត់មួយក្តី) ដែលទាំងនោះសុទ្ធតែឆ្លងកាត់នូវផលិតកម្មមនុស្ស ដូច្នេះ តិចឬច្រើន ផលិតករ (មនុស្សអ្នកផលិត) រមែងបញ្ចេញបញ្ចូល លែបខាយ កែខៃ រចនាទៅតាមទំនោរចិត្ត ទំនោរអារម្មណ៍របស់ខ្លួនជាក់ជាមិនខាន ដែលនេះគឺជាខ្សែសង្វាក់នៃផលិតកម្មអក្សរសិល្ប៍យ៉ាងពិតប្រាកដ។
៣-រឿងល្ខោន
“រឿងល្ខោន ” (Drama) គឺជាប្រភេទអក្សរសិល្ប៍ដែលត្រូវបានគេរៀបចំឡើងសម្រាប់ការសំដែង។ ទម្រង់អក្សរសិល្ប៍ប្រភេទនេះ ជាញឹកញាប់ត្រូវបានគេរួមបញ្ចូលវាជាមួយនឹងតន្ត្រីនិងរបាំដូចជានៅក្នុងល្ខោនអូប៉េរ៉ានិងល្ខោនតន្ត្រីជាដើម។ ការសម្តែងគឺជាទម្រង់រណបមួយក្នុងទម្រង់ល្ខោននេះ ហើយទម្រង់បែបនេះ សំដៅទៅដល់ការងារដែលអ្នកនិពន្ធបានសរសេរច្រើនសម្រាប់សម្តែងនៅតាមរោងល្ខោន ដោយរួមបញ្ចូលទាំងការសន្ទនាសំខាន់រវាងតួសម្តែង ដែលជាទូទៅផ្តោតទៅលើការសម្តែងជាងការអាន។ ផ្ទុយទៅវិញ បើកាលណានិយាយពីល្ខោននិយាយវិញ គឺរមែងសំដៅទៅលើរឿងល្ខោនដែលបានសរសេរសម្រាប់អានជាងសម្រាប់សម្តែង។
ពួកបស្ចិមប្រទេស បានលើកយករឿងកំប្លែងក្រិកមកធ្វើជាឧទាហរណ៍ស្តីពីទម្រង់ដំបូងបំផុត និងជាមូលដ្ឋាននៃពុទ្ធិខាងរឿងល្ខោន។ ទារុណកថាគឺជាប្រភេទរឿងល្ខោនមួយដែលបានវិវត្តទៅជាការសម្តែងក្នុងពិធីបុណ្យប្រពៃណី បុណ្យសាសនានានា ក៏ដូចជាពិធីបុណ្យទូទៅ ហើយវាបានអភិវឌ្ឍទៅសម្តែងជាបែបប្រវត្តិសាស្ត្រ ឬទេវកថាជាដើមថែមទៀតផង។ ក្រោយមក ទារុណកថាក៏ត្រូវបានទុកសម្រាប់សម្តែងតែក្នុងទម្រង់ធ្ងន់ធ្ងរប៉ុណ្ណោះ។ នៅប្រទេសកម្ពុជាវិញ អ្នកសិក្សាបានចាត់ទុកថា “រឿងល្ខោន ” គឺជាប្រភេទសិល្បៈប្រជាប្រិយមួយ ដែលពេញនិយមពីស្រទាប់មហាជន។ សិល្បៈប្រភេទនេះ គឺធ្វើការបង្ហាញឲ្យអ្នកអាន អ្នកទស្សនាបានឃើញតាមរយៈការសម្តែង។ ក្នុងសម្តែង គេមានរៀបចំឡើងជាឆាក ហើយប្រជុំគ្នាសម្តែងជាវង់ នៅក្នុងវង់មានចែកគ្នាជាក្រុមៗ មានជាអាទិ៍ក្រុមតួសម្តែង ក្រុមភ្លេង ក្រុមអ្នកចម្រៀង និងក្រុមអ្នករៀបចំឆាកជាដើម។ ក្រុមតួសម្តែងជាក្រុមដែលប្រមូលផ្តុំដោយទេព្យកោសល្យខាងសម្តែង ជាអ្នកប្រសប់ខាងល្បែងនាដ្យកម្ម។ តួសម្តែងនេះចែកជាពីរប្រភេទគឺ តួឯក និងតួរង ហើយតួទាំងពីរប្រភេទសុទ្ធតែចេះរបៀបតុបតែងខ្លួនប្រាណទៅតាមមុខនាទីសម្តែងរបស់ខ្លួនរៀងៗខ្លួន។ នៅប្រទេសកម្ពុជាសិល្បៈដែលស្ថិតនៅក្នុងទម្រង់នេះរួមមាន ល្ខោនស្បែក (រួមមានស្បែកធំ ស្បែកតូច អាយ៉ង និងស្បែកពណ៌ជាដើម) ល្ខោនតុក្កតា ល្ខោនខោល ឬភាណី ល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនមហោរី ល្ខោនកំណាព្យ ល្ខោនពោលស្រី ល្ខោនគែន ល្ខោនបើកបទ ល្ខោនបាមោជ្ជទ័យ ល្ខោនអាយ៉ៃ ល្ខោនអាប៉េ ល្ខោនភ្លេងការ ល្ខោននិយាយ និងចម្រុះ .
ឯកសារពិគ្រោះ
ក-ឯកសារជាភាសាខ្មែរ៖
១- កេង វ៉ាន់សាក់ “គុកកាមកិលេស, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៥៥។
២- -ដ- “ចិត្តក្រមុំ ” , ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៥៤។
៣- គណៈកម្មការស្រាវជ្រាវវប្បធម៌, “ទស្សនីយភាពសិល្បៈខ្មែរ ” ការផ្សាយរបស់ គណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌, ភ្នំពេញ, ឆ្នាំ២០០៣
៤- គយ សារុន “បុប្ផាខ្មៅ ” , និពន្ធក្នុងអំឡុងឆ្នាំ១៩៥៨, បោះពុម្ពផ្សាយដោយអ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៧០។
៥- -ដ- “កើតជាមនុស្សនេះ ”, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៧២។
៦- ឃីង ហុកឌី, “ទិដ្ឋភាពទូទៅនៃអក្សរសាស្រ្តខ្មែរ ” ការផ្សាយ L’Harmattan, រដ្ឋធានី ប៉ារីស, សាធារណរដ្ឋបារាំង, ឆ្នាំ១៩៩៧។
៧- -ដ- “មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០, បោះពុម្ពផ្សាយដោយបណ្ណាគារ អង្គរ, ភ្នំពេញ, ឆ្នាំ២០០៤។
៨- ជួន ណាត, “វចនានុក្រមខ្មែរ ភាគទី១-២” ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពគ្រាទី៥, ភ្នំពេញ ឆ្នាំ១៩៦៨។
៩- ហ្មឺនភក្តីអក្សរ តន់ “សព្វសិទ្ធ ”, និពន្ធក្នុងអំឡុងឆ្នាំ ១៨៩៩, បោះពុម្ពផ្សាយដោយ បណ្ណាគារ គីម សេង, ភ្នំពេញ, ឆ្នាំ១៩៦០
១០- ឧកញ៉ាព្រះឃ្លាំង នង “ភោគកុលកុមារ ”, និពន្ធក្នុងអំឡុងឆ្នាំ ១៨០៤, បោះពុម្ព ផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩?។
១១- ពៅ សាមី “ទ្រឹស្តីអក្សរសិល្ប៍ ភាគទី១-៣ ” បោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឆ្នាំ១៩៩៤។
១២- ព្រះរាជសម្ភារ “កំណាព្យកន្លង់មាសមង្គលថ្លៃ ”, និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះ ពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងទស្សនាវដ្ដីកម្ពុជសូរិយា, ភ្នំពេញ, ឆ្នាំ១៩?។
១៣- -ដ- “កំណាព្យសរសើរហេមន្តមាស “, និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងទស្សនាវដ្ដីកម្ពុជសូរិយា, ភ្នំពេញ, ឆ្នាំ១៩?។
១៤- -ដ- “កំណាព្យកន្លង់មាសមង្គលថ្លៃ “, និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងទស្សនាវដ្ដីកម្ពុជសូរិយា, ភ្នំពេញ, ឆ្នាំ១៩?។
១៥- -ដ- “កំណាព្យព្រលឹងមាសអើយ “, និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩?។
១៦- សម្តេច មាលិកា, “ប្រជុំពាក្យកាព្យ ” ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩៦៨។
១៧- ម៉ុញ សារី “វចនាធិប្បាយអក្សរសិល្ប៍ខ្មែរ ”, បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលស្រាវ ជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា, ភ្នំពេញ, ឆ្នាំ២០១១។
១៨- យស ងិន “ចៅស្រទបចេក ”, និពន្ធក្នុងអំឡុងឆ្នាំ១៨៨៩ បោះពុម្ពផ្សាយដោយពុទ្ធ សាសនបណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩៦៧។
១៩- លាង ហាប់អាន “រាមកេរ្តិ៍ ”, សៀវភៅសិក្សាអត្ថបទ, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩?។
២០- លី ធាមតេង, “អក្សរសាស្រ្តខ្មែរ ” ការផ្សាយរបស់បណ្ណាគារ សេង ងួនហួត, ភ្នំពេញ, ឆ្នាំ១៩៦០។
២១- លី សុមុនី, “កំណាព្យខ្មែរ ” ការផ្សាយរបស់គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ, ភ្នំពេញ, នៃក្រសួងអប់រំ យុវជន និងកីឡា, ភ្នំពេញ, ឆ្នាំ២០០២។
២២- អ្នកអង្គម្ចាស់ វ័ឌ្ឍឆាយា វង្ស “រាមកេរ្តិ៍ ខ្សែទី១-១០ និង ៧៥-៨០ ”, ការផ្សាយរបស់ វិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩៣៧។
២៣- ព្រះបទុមត្ថេរ សោម “ទុំទាវ ”, និពន្ធក្នុងអំឡុងឆ្នាំ១៩១៥, បោះពុម្ពផ្សាយដោយពុទ្ធ- សាសនបណ្ឌិត្យ, ភ្នំពេញ, បោះពុម្ពលើកទី៥, ឆ្នាំ១៩៦៤។
២៤- សោម សុមុនី “វិវត្តន៍អក្សរសិល្ប៍ខ្មែរសតវត្សទី២០ ”, ការផ្សាយរបស់វិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា, ភ្នំពេញ, ឆ្នាំ២០១១។
២៥- ហាក់ វ៉ាន់ដារា “អក្សរសិល្ប៍ឆ្នាំ១៩៧០-៧៥ ”, បោះពុម្ពផ្សាយដោយបណ្ណាគារអង្គរធំ, ភ្នំពេញ, ឆ្នាំ២០០៤។
២៦- -ដ- “អក្សរសិល្ប៍ខ្មែរ ”, សៀវភៅសិក្សាសម្រាប់ថ្នាក់ឆ្នាំមូលដ្ឋាន, ការផ្សាយ របស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ២០០៧។
២៧- -ដ- “និន្នាការប្រលោមលោកសម័យសាធារណរដ្ឋខ្មែរ ”, បោះពុម្ពផ្សាយដោយ រាជបណ្ឌិត្យសភាកម្ពុជា, ភ្នំពេញ, ឆ្នាំ២០១១។
២៨- ព្រះបាទ អង្គឌួង “កាកី ”, និពន្ធក្នុងអំឡុងឆ្នាំ១៨១៥, បោះពុម្ពផ្សាយដោយពុទ្ធសាសន បណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩៧៤។
២៩- អ៊ឹង យ៉េង, “កាព្យសាស្រ្តខ្មែរ ” ការផ្សាយរបស់បណ្ណាគារខ្មែរមន, ភ្នំពេញ, ឆ្នាំ១៩៧២។
៣០- អៀង សាយ, “មេកាព្យ ” ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៦៦។
៣១- ចៅយមបុណ្យភក្តីព្រះស្នេហ៍អនុជិត ឧក “ហង្សយន្ត ”, ការផ្សាយរបស់ពុទ្ធសាសន បណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩៦៨។
ខ-ឯកសារជាភាសាបរទេស៖
៣២- BROWN Mary Ellen & ROSENBERG Bruce A., “Encyclopedia of Folklore and
Literature ”, Edition of Peter Harle & Kathy Sitarski, Santa Barbara, California,
USA, 1998
៣៣- CARROLL Joseph, “Evolution and Literary Theory ”, Edition of University of Missouri Press, Missouri, USA, 1995
៣៤- GRAY Martin, “A Dictionary of Literary Terms ”, Second Edition, Edition of Longman York Press, England, 1992
៣៥- HAK Vandara, “History of Literature ”, Compilation Edition, Edition of Department of Anthropology and Ethnology, Institute of Humanities and Social Sciences, Royal Academy of Cambodia, Phnom Penh, CAMBODIA, 2014
៣៦- HAK Vandara, “Movement of Modern Literature ”, Compilation Edition, Edition of Department of Anthropology and Ethnology, Institute of Humanities and Social Sciences, Royal Academy of Cambodia, Phnom Penh, CAMBODIA, 2015
៣៧- HARMON William & HOLMAN C. Hugh, “A Handbook to Literature ”, Seventh Edition, Edition of Prentice Hall, New Jersey, USA, 1996
៣៨- MCKEON Michael, “Theory of the Novel: A Historical Approach ”, Edition of Johns Hopkins University Press, University of New Jersey, USA, 2000
៣៩- MONAHAN Sean, “Literature With Style: Prose ”, Edition of Longman Cheshire, Melbourne Australia, 1986
៤០- SCOTT A. F., “Current Literary Terms ”, Edition of Macmillan of Cambridge University Press, Great Britain, 1965
៤១- TRACE Arther, “Literature: Its Opponents and Its Power ”, Edition of University Press of America, Inc., Lanham of Maryland, USA, 1997
៤២- MCKEON Michael, “Theory of the Novel: A Historical Approach ”, Edition of Johns Hopkins University Press, University of New Jersey, USA, 2000